ប្រវត្តិសាស្ត្រកោះ ហាវ៉ៃ (Hawaii)
(សហរដ្ឋអាមេរិក)៖ ប្រជុំកោះហាវ៉ៃ (Hawaii) ធ្លាប់ជាព្រះរាជាណាចក្រមួយរបស់ជនជាតិដើមនៅទីនោះចាប់ពីឆ្នាំ ១៧៨២-១៨៩៣ ដែលគ្រប់គ្រងដោយសែរាជវង្សានុវង្សរបស់ព្រះចៅខាំមេហាមេហា (Kamehameha) បន្ទាប់ពីព្រះអង្គបានធ្វើសង្គ្រាមបង្រួបបង្រួមកុលសម្ពន្ធនានា។
ឆ្នាំ ១៨៩៣ រាជាណាចក្រហាវ៉ៃ ត្រូវបានលុកលុយដោយអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រោយផ្ដួលរំលំអាណាចក្រនោះ ទឹកដីហាវ៉ៃក៏ក្លាយជាសាធារណរដ្ឋឯករាជ្យមួយរហូតដល់ថ្ងៃទី១២ សីហា ១៨៩៨។ ហាវ៉ៃត្រូវបានអនុម័តជារដ្ឋទី៥០ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ សីហា ១៩៥៩។
វត្តមានជនជាតិដើមលើកោះហាវ៉ៃ
ការតាំងទីលំនៅដំបូងនៅហាវ៉ៃ មានតាំងពីប្រហែលឆ្នាំ ៣០០ គ.ស. ដោយពួកប៉ូលីនេស៊ី។ ក្រោយមកក៏មានពួករ៉េអេតធី និងបូរ៉ាបូរ៉ា។ ពួកតាហ៊ីទីក៏បានមកដល់នៅឆ្នាំ ១០០០ គ.ស.។ ការរស់នៅ និងវណ្ណៈសង្គម ស្រដៀងនឹងសង្គមហិណ្ឌូនិយមនៅឥណ្ឌា។
វត្តមានដំបូងរបស់ពួកអឺរ៉ុប
ឆ្នាំ ១៧៧៨ លោក ជេម ឃុក (James Cook) ជនជាតិអង់គ្លេស បានរកឃើញកោះហាវ៉ៃ និងដាក់ឈ្មោះថា កោះសាំងវិច។ មានការអះអាងថា អេស្ប៉ាញអាចបានឃើញជាមុន តែគ្មានភស្តុតាង។ ឆ្នាំ ១៧៧៩ លោក ឃុក និងនាវិក ៤ នាក់ ត្រូវបានសម្លាប់នៅទីនោះ។
ការផ្ដួលរំលំរបបរាជានិយម
ថ្ងៃទី១៧ មករា ១៨៩៣ ព្រះមហាក្សត្រិយានី លីលី អ៊ូកាឡានី ត្រូវបានផ្ដួលរំលំ។ ឆ្នាំ ១៨៩៤ សាធារណរដ្ឋហាវ៉ៃ ត្រូវបានបង្កើត។ ប៉ុន្តែការតស៊ូមតិដើម្បីស្ដាររាជវង្សមិនបានជោគជ័យ។
វិនាសកម្មក្នុងសង្គ្រាមលោកលើកទី២
ថ្ងៃទី៧ ធ្នូ ១៩៤១ កងទ័ពជប៉ុនវាយប្រហារលើ Pearl Harbor បណ្តាលឱ្យនាវាចម្បាំង និងយន្តហោះអាមេរិកខូចខាតយ៉ាងច្រើន។ ជនស្លាប់ ២,៤០៣ នាក់ និងរបួសប្រមាណ ១,០០០ នាក់។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យអាមេរិកចូលរួមសង្គ្រាមលោកលើកទី២។
ក្រោយពេលភ្លៀងមេឃស្រឡះ
ខែមិថុនា ១៩៥៩ ប្រជាមតិបានគាំទ្រ ៩៤.៣% ដើម្បីបញ្ចូលហាវ៉ៃជារដ្ឋ។ ថ្ងៃទី២១ សីហា ១៩៥៩ ហាវ៉ៃបានក្លាយជារដ្ឋទី៥០ ជាផ្លូវការ។ ពេលនេះ ហាវ៉ៃមានភាពរុងរឿង និងល្បីល្បាញក្នុងវិស័យទេសចរណ៍ ដោយទីក្រុងហូណូលូលូ មានឆ្នេរសមុទ្រស្អាត និងធំជាងគេមួយនៅពិភពលោក។

No comments:
Post a Comment