រាជធានីភ្នំពេញ : នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ផ្លូវថ្នល់បានក្លាយជាទីតាំងសម្រាប់ធ្វើពិធីផ្សេងៗ ដូចជា ខួបកំណើត ជាពិសេសពិធីរៀបអាពាហ៍ពិពាហ៍ ដែលមានគ្រួសារមួយចំនួនបានយកផ្លូវមកសង់រោង ដែលធ្វើអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងពិសេសនៅភ្នំពេញ។ ករណីនេះមិននិយាយពីរោងបុណ្យទេ។
ភាគច្រើនគេតែសង្កេតឃើញ រោងការ ដែលសង់នោះ មានរោងខ្លះសង់លើផ្លូវមួយចំហៀង ដោយទុកឲ្យមានផ្លូវសម្រាប់តែឡានមួយគ្រឿង អាចបើកឆ្លងកាត់បាន តែរោងការខ្លះបានសង់បិទផ្លូវស្ទើរទាំងស្រុង ដោយមានតែម៉ូតូទេ ដែលអាចបើកឆ្លងកាត់បាន និងរោងការខ្លះទៀត សង់បិទផ្លូវមួយទាំងស្រុងតែម្តង។ រោងខ្លះគេធ្វើពិធីតិចថ្ងៃ តែរោងការ របស់អ្នកមានទ្រព្យធូរធារ អាចដល់៣ ទៅ៤ថ្ងៃក៏មាន។
ម្ចាស់កម្មវិធីមួយចំនួនហាក់បីដូចជាមិនសូវធូរធារ ទើបបានជាពួកគាត់គាត់សម្រេចចិត្តសង់រោងការនៅមុខផ្ទះ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនទៀតមើលទៅហាក់បីដូចជា ធូរធារដែរ ប៉ុន្តែពួកគាត់នៅតែសាងសង់រោងរៀបចំពិធីនៅខាងមុខផ្ទះដដែល។
ប្រជាពលរដ្ឋមួយចំនួនថា កម្មវិធីមង្គលការ គឺជាពិធីសំខាន់សម្រាប់យើងម្នាក់ៗ ដូច្នេះយើងតែងតែចង់ធ្វើឲ្យបានធំដុំ ប៉ុន្តែដោយគ្រួសារខ្លះ មិនសូវមានភ្ញៀវច្រើនត្រឹមតែ២០ ទៅ៣០តុ ហាងខ្លះគេមិនជួលឲ្យទេ ហើយហាងមួយចំនួនវាថ្លៃ។ ពួកគាត់ដឹងថាធ្វើនេះ ពិតជាមានបញ្ហាខ្លះៗ កើតមានដូចជា ការកកស្ទះចរាចរណ៍ជាដើម។
ប្រជាពលរដ្ឋទាំងនោះបន្តថា បញ្ហាមួយទៀត គឺរកហាងមិនបាន ខែខ្លះហាងជាច្រើននៅភ្នំពេញ គឺមានគេកក់មួយឆ្នាំមុន ឬពីរឆ្នាំមុន ដែលធ្វើឲ្យពួកគាត់ គ្មានទីតាំងសម្រាប់រៀបចំពិធី ទើបធ្វើឲ្យពួកគាត់រៀបពិធីនេះនៅផ្ទះ។
តែទោះបីជាយ៉ាងណាក៏ដោយ រាល់ការសាងសង់រោងធ្វើពិធីអ្វីមួយ គឺសុទ្ធតែមានការស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែរោងការខ្លះហាក់ដូចជាមិនសូវឃើញ មានសមត្ថកិច្ចមូលដ្ឋានចុះទៅជួយសម្រួលចរាចរណ៍នោះទេ តែបើរោងដែលសង់នោះ ជារបស់អ្នកមានវិញ គឺគេឃើញសមត្ថកិច្ចជាច្រើនតែម្តង៕
From KNT


