ជួនកាលជាការលំបាកណាស់ក្នុងការសម្រេចថា ទ្វារណាជាទ្វារសំខាន់របស់ផ្ទះ ជាពិសេសទ្វារធំៗដែលមានទ្វារ និងផ្លូវចូលច្រើនកន្លែង ។ ទ្វារសំខាន់ចាំបាច់ត្រូវស្ថិតក្នុងចំណុចអាចមើលឃើញច្បាស់ ។
ការកំណត់ន័យរបស់ទ្វារសំខាន់ អាស្រ័យលើភាពញឹកញាប់ក្នុងការប្រើទំហំ និងលក្ខណៈទ្វារនោះ ។ ចំណែកទ្វារផ្ទះបាយ ទ្វារចំហៀង ដែលប្រើញឹកញាប់មិនគួរមានទំហំធំជាងទ្វារសំខាន់ទេ ។ អ្នកគួរធ្វើតាមគោលការណ៍ហុងស៊ុយ ដោយធ្វើទ្វារចំហៀងនិងទ្វារបន្ទប់ ផ្សេងៗឱ្យតូចជាងទ្វារធំ ។
ទ្វារដ៏ទៀតក្នុងផ្ទះ ក៏សំខាន់មិនចាញ់គ្នាព្រោះវាជាផ្លូវដែលថាមពលឈីហូរកាត់ពីបន្ទប់មួយទៅបន្ទប់មួយទៀតក្នុងខណៈដែលអ្នកដើរចូល បន្ទប់ផ្សេងៗ ដែលសំខាន់ដូចជាបន្ទប់គេង បន្ទប់រៀន បន្ទប់ធ្វើការ ។ ទ្វារគួរតែបែរមុខទៅរកទិសមង្គលរបស់អ្នកដើម្បីឱ្យថាមពលដែលអ្នកនាំជាប់ខ្លួន ទៅកាន់បន្ទប់នោះ ជាមង្គលសម្រាប់អ្នក ។ ក្នុងករណីបន្ទប់នោះប្រើរួមគ្នា ត្រូវប្រកាន់យកតាមទិសរបស់ស្វាមី ឬមេគ្រួសារ ។
លក្ខណៈរបស់ទ្វារសំខាន់ដែលល្អ
ទ្វារចូលផ្ទះសំខាន់គួរមានលក្ខណៈរឹងមាំ ជាប់បានយូរ ធ្វើពីវត្ថុក្រាសឃ្មឹក ដែលមើលមិនឃើញខាងក្នុង ។ ទ្វារកញ្ចក់ថ្លា មិនសមក្នុងការប្រើជាទ្វារសំខាន់ទេ ។ ទ្វារកាន់តែទំហំធំហុងស៊ុយក៏កាន់តែល្អ ប៉ុន្តែមិនគួរធំហៀរផ្ទះនោះទេ ។ ជាការប្រសើរប្រសិនផ្លូវដើរទូលាយ និងវៀចកោង ។ អ្នកត្រូវដឹងច្បាស់ថា មិនត្រូវមានអ្វីរារាំងទ្វារសំខាន់របស់ផ្ទះ ព្រោះបង្គោលភ្លើងតាមថ្នល់ ដើមឈើមួយដើម និងសំណង់ផ្សេងៗទៀត ដែលមានលក្ខណៈដូចនេះ អាចនាំអពមង្គលឱ្យអ្នក ជាពិសេសប្រសិនវត្ថុទាំងនោះ នៅចំពីមុខទ្វារផ្ទះ បើសិនគ្រាន់តែជាគម្ពោតព្រៃដែលគ្មានអន្តរាយនោះ មិនថ្វីទេ ហើយអាក្រក់បំផុត គឺការមានដើមឈើងាប់នៅមុខទ្វារផ្ទះ ព្រោះវត្ថុនេះអាចធ្វើឱ្យថាមពលអាក្រក់ ជំងឺតម្កាត់ មកបៀតបៀនផ្ទះអ្នក និងធ្វើឱ្យអ្នកជំងឺក្នុងផ្ទះឈឺដល់ស្លាប់ក៏មាន ។
ទ្វារដែលមានផ្ទាំងពីរធំប៉ុនគ្នា
លក្ខណាទ្វារផ្ទះបែបនេះកាន់តែប្រសើរ ពេលអ្នកបើកចំហទ្វារទាំងសងខាង ។ ការប្រើផ្ទាំងទ្វារត្រឹមម្ខាង ដូចគ្នានឹងអ្នកបើទទួលលាភល្អ ឱ្យចូលមកតែម្ខាងដែរ និងមានន័យថា គ្រប់ការងារដែលអ្នកផ្តើមធ្វើ នឹងសម្រេចបានត្រឹមពាក់កណ្តាលប៉ុណ្ណោះ ។ ដូច្នេះជាការប្រសើរ អ្នកមិនគួរធ្វើទ្វារផ្ទះបែប២គូរដូចនេះទេ ប្រសិនអ្នកមិនចង់បើកចំហទាំងសងខាង ។
ទ្វារកោង
ទ្វារចូលដែលមានលក្ខណៈកោង ជាស្ថាបត្យកម្មដ៏វិចិត្រ ធ្វើឱ្យផ្ទះកាន់តែល្អប្លែក ប៉ុន្តែដោយផ្នែកខាងលើជារាងកោង បង្ហាញពីថាមពលធាតុលោហៈ ដែលសមនិងឹបរិវេណជាធាតុលោហៈ និងធាតុទឹករបស់ផ្ទះ ដូចជា ទិសខាងលិច ទិសពាយ័ព្យ និងទិសខាងជើង ។
ទ្វារសំខាន់ដែលស្ថិតនៅទិសខាងកើត ទិសអាគ្នេយ៍ ទិសនិរតី ឬទិសឦសាន មិនគួរធ្វើជារាងកោងទេ ព្រោះវាអាចកាត់បន្ថយថាមពល ដែលនៅក្នុងបរិវេណនោះ ហើយនាំផលប៉ះពាល់មិនល្អដល់ជោគលាភ ដែលចូលមកក្នុងផ្ទះ ។
ទ្វារកញ្ចក់
ទ្វារបែបនេះសមស្របបំផុតក្នុងការប្រើធ្វើជាទ្វារបន្ទប់ ដែលបើកទៅឃើញរានហាល និងសួនជាពិសេសប្រសិនបែរចេញពីទិសមង្គលរបស់មេគ្រួសារ ឬ បើសិនទេសភាពខាងក្រៅមើលទៅស្រលះមុនមាត់ល្អ ។ ទ្វារបែបនេះធ្វើឱ្យផ្ទះទូលាយជម្រុញភាពចម្រុងចម្រើន ប៉ុន្តែមិនគួរប្រើជាទ្វារសំខាន់របស់ផ្ទះ ព្រោះវាខ្វះភាពមាំមួនគង់វង្ស ។ ជាញឹកញាប់ផ្ទះដែលមានលក្ខណៈតភ្ជាប់គ្នា តែងតែចេញម៉ូដឱ្យមានទ្វារសំខាន់ចូលមកខាងក្នុងផ្ទះ ដោយមានទ្វារកញ្ចក់បែបរំកិលបាន នៅខាងៗ ព្រោះផ្ទះបែបនេះរមែងមានសួនតូចៗនៅពីមុខផ្ទះ ។ ក្នុងករណីនេះ ត្រូវប្រើទ្វារសំខាន់ដែលមាំទាំ ក្នុងការចេញចូលផ្ទះប្រសើរជាង ។
ទ្វារកញ្ចក់ខាងក្នុង
ទ្វារកញ្ចក់ពីក្នុងសមស្របដាក់ក្នុងការិយាល័យធ្វើការ ច្រើនជាងដាក់ក្នុងផ្ទះ ។ ប្រសិនបើចង់ឱ្យបន្ទប់ក្នុងផ្ទះមើលឃើញពីខាងក្រៅ គួរកុំដាក់ទ្វារល្អជាង ។ ការដាក់ទ្វារកញ្ចក់ដែលពេលបិទទ្វារ នៅអាចមើលឃើញខាងក្នុងបន្ទប់ គឺដូចគ្នានឹងការមានទូត្រី ដែលគ្មានភាពដាច់ឡែកដែរ វាប្រសើរសម្រាប់មើលបុគ្គលិកធ្វើការ ឬបញ្ហាផ្សេងៗក្នុងការិយាល័យ ប៉ុន្តែមិនល្អទេ ប្រសិនទុកក្នុងផ្ទះ ។
ទ្វាររោងឡាន
នៅប្រទេសខ្លះដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ជាការធម្មតា ប្រសិនអ្នករស់នៅ ចូលតាមទ្វាររោងឡាន ពួកគេបើកឡានចូលមកចតក្នុងរោងឡាន ហើយដើរចូលក្នុងផ្ទះ តាមក្នុងរោងចតឡាន ។ ក្នុងករណីដូច្នេះ អ្នកគួរធ្វើទ្វារសំខាន់ដែលមាំមួនល្អ នៅមុខផ្ទះ ដើម្បីប្រើក្នុងពេលមានភ្ញៀវ មកសួរសុខទុកដល់ផ្ទះ ៕
From Cen





No comments:
Post a Comment