រាជធានីភ្នំពេញ : ប្រជាជនខ្មែរ៥៣ភាគរយចូលចិត្តសេពស្រាស (spirit) ៤៦ ភាគរយស្រាបៀរ និង១ភាគរយគឺស្រាក្រហម ហើយអត្រានៃការសេពគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ដល់សព្វថ្ងៃ។ នេះបើយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០១៤។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា អត្រានៃការសេពគ្រឿងស្រវឹងនៅកម្ពុជាបានកើនឡើងតាំងពីទសវត្សរ៍ទី៩០មក។ ជាក់ស្តែងកម្រិតនៃគ្រឿងស្រវឹងជាមធ្បមប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាទូទៅ ដែលមានអាយុ១៥ឆ្នាំឡើង (Alcohol per capita, 15+ consumption in litres of pure alcohol) គឺម្នាក់ទទួលទាន ៥៥លីត្រក្នុងមួយឆ្នាំ(២០០៨-២០១០) ក្នុងនោះបុរសទទួលទាន៩៦លីត្រ ចំណែកឯស្ត្រីមានចំនួន១៧លីត្រក្នុងមួយឆ្នាំ។ ស្ទើរគ្រប់កម្មវិធី ឬឱកាសជួបជុំជាមួយញាតិមិត្ត និងមិត្តភក្ដិ តាមភោជនីយដ្ឋាន ឬអាហារដ្ឋាននានានៅកម្ពុជា យើងអាចសង្កេតឃើញភាគច្រើនជាបុរសទទួលទានសុរា។
ទោះបីជាយ៉ាងណាក៏ដោយចំនួនយុវវ័យប្រុសស្រី សេពគ្រឿងស្រវឹងមានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ បើទោះបីជាស្ត្រីដែលទទួលទានសុរាហាក់ដូចជាមិនទាន់ទទួលបានការលើកទឹកចិត្តពីសង្គមខ្មែរនៅឡើយទេជាពិសេសទាក់ទងនឹងបញ្ហាវប្បធម៌។
គួរឲ្យកត់សម្គាល់ថា អ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក៏បានបង្ហោះរូបភាពយុវតីក្នុងសម្លៀកបំពាក់ជា សិស្សវិទ្យាល័យអង្គុយផឹកស្រាបៀរជាមួយមិត្តភក្ដិ ហើយពួកគេក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃ និងមានមតិមិនពេញចិត្តចំពោះទង្វើរបស់ពួកគេជាច្រើនទៀត។ ភាគច្រើនពួកគេលើកឡើងថា ការផឹកស្រា ឬគ្រឿងស្រវឹងធ្វើឲ្យខូចកិត្តិយសជាស្រី្តខ្មែរ និងធ្វើឲ្យអាប់ឱនសីលធម៌សង្គមខ្មែរផងដែរ៕


