រាជធានីភ្នំពេញ ៖ ពេលដែលដេកលក់មិនស៊ុប យើងក៏មានការយល់សប្ដិ ជួនកាលការយល់សប្ដិហ្នឹងច្បាស់ ជួនកាលមិនច្បាស់ដែលយើង ពិបាកវាយតម្លៃ ហើយការយល់សប្ដិ ជាការឃើញតាមមនោទ្វារ មិនឃើញតាមបញ្ចទ្វារណាមួយដូចជាភ្នែកត្រចៀកទេ ហើយក៏មានផលខ្លះដែរ មិនឥតផលទាំងអស់ទេ បើយល់សប្ដិក្នុងរឿងបុណ្យ ក៏បានបុណ្យខ្លះ បើយល់សប្ដិក្នុងរឿងបាប ក៏បានបាបខ្លះដែរ គ្រាន់តែមិនច្រើន ។
យ៉ាងណាក៏ដោយហេតុដែលនាំឲ្យយល់សប្ដិនោះមាន៤យ៉ាងសំខាន់ៗគឺ ៖
១- ធាតុកម្រើក (គ្រុនក្ដៅក៏នាំឲ្យយល់សប្ដិ, ហូបអាហារខុស ឈឺពោះក៏យល់សប្ដិថាឈឺពោះជាដើម)
២- អ្វីដែលយើងធ្លាប់ឃើញ ធ្លាប់គិត ធ្លាប់ឮគេដំណាល (ធ្លាប់នៅស្រែ យល់សប្ដិឃើញនៅស្រែមែន, ធ្លាប់ឮគេដំណាលអំពីរឿងអ្វីមួយ ក៏យល់សប្ដិឃើញរឿងនោះជាដើម)
៣- ទេវតាបណ្ដាលប្រាប់ (ប្រាប់ឲ្យធ្វើយ៉ាងនេះសុខសប្បាយ ធ្វើយ៉ាងនោះមិនសុខជាដើម)
៤- កម្មមកបណ្ដាល (កម្មដែលធ្លាប់ធ្វើ ឬកម្មដែលធ្លាប់សន្សំពីជាតិកន្លងមកហើយ បើធ្វើរឿងអាក្រក់ច្រើន ក៏យល់សប្ដិឃើញរឿងអាក្រក់) ។
ហេតុទីមួយ និងទីពីរមិនសូវជាពិតទេ ហើយសម្រាប់ហេតុទី៣ មានពិតខ្លះមិនពិតខ្លះទៅតាមទេវតាល្អ ទេវតាអាក្រក់ដែលមកប្រាប់ ។
ហេតុទី៤ដែលបណ្ដាលមកពីកម្មទើបពិត ប៉ុន្តែពិតតែសាច់រឿងទេ បើឲ្យឃើញដូចក្នុងយល់សប្ដិហ្នឹងមិនពិតទេ គ្រាន់តែផលឆ្លុះបញ្ចាំងទៅខាងហ្នឹង ។
អ្នកដែលយល់សប្ដិមានបុថុជ្ជន (យល់សប្ដិច្រើន) និងបុគ្គលដែលជាអាណាគាចុះមក (យល់សប្ដិតិច) ចំពោះព្រះអរហន្តអត់មានយល់សប្ដិទេ ។ បុគ្គលដែលជាបុថុជ្ជនយល់សប្ដិច្រើនព្រោះនៅមានកិលេសច្រើន គឺនៅមានសញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋវិបល្លាស ។ ការលើកឡើងមកនេះ គ្រាន់តែឲ្យឃើញអំពីហេតុដែលនាំឲ្យយល់សប្ដិដែលវាពិតខ្លះ មិនពិតខ្លះ មិនមែនថាពិតទាំងអស់ ឬមិនពិតទាំងអស់ទេ៕
ប្រភពៈ វត្ថភ្នំ
YAKSA-យក្សា
ចំណេះដឹងផ្សេងៗ
ស្វែងយល់ពីហេតុសំខាន់ៗចំនួន៤ ដែលនាំឲ្យមនុស្សចេះយល់សប្ដិ ឃើញរឿងប្លែកៗ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment