មហារីកកស្បូន គឺជាជំងឺមហារីកដ៏សាមញ្ញមួយប្រភេទ ដែលតែងកើតមានចំពោះស្រ្ដីទូទាំងពិភពលោក។ ជំងឺនេះ វាកើតឡើងត្រង់កោសិកានៃស្បូន ផ្នែកខាងក្រោមនៃតួស្បួន ដែលមានតំណភ្ជាប់ទៅកាន់ទ្វារមាស។ សមាគមជំងឺមហារីកអាមេរិកបានធ្វើការប៉ាន់ប្រមាណថា ករណីថ្មីៗនៃជំងឺមហារីកកស្បូនប្រណមាប្រហែល ១២៩០០ នឹងត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយស្រ្ដីចំនួនប្រហែល ៤១០០នាក់នឹងស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះនៅក្នុងឆ្នាំ ២០១៥នេះ ។ ការប៉ាន់ប្រមាណនេះ ស្ដាប់ទៅហាក់ដូចជា គួរឱ្យតក់ស្លុតណាស់ ប៉ុន្ដែវាជាការពិត។ ភាគច្រើន ករណីនៃជំងឺមហារីកទាំងនេះ ត្រូវបានបង្កដោយវីរុសម្យ៉ាងឈ្មោះថា HPV។ ស្រ្ដីគ្រប់វ័យទាំងអស់មានការប្រឈមខ្ពស់នឹងគ្រោះថ្នាក់ នៃការវិវឌ្ឍន៍ជំងឺមហារីក ក្រោយពេលពួកគេប្រឡូកក្នុងការរួមភេទ។ ខាងក្រោមនេះ គឺសញ្ញាគ្រោះថ្នាក់មួយចំនួន នៃការកើតជំងឺមហារីកកស្បូន ដែលអ្នកមិនគួរមើលរំលង៖
១. ធ្លាក់ឈាមតាមទ្វារមាសខុសពីធម្មតា៖ ស្រ្ដីភាគច្រើន ដែលត្រូវបានអ្នកឯកទេសធ្វើរោគវិនិច្ឆ័យរកឃើញថាកើតជំងឺមហារីកកស្បូន តែងតែជួបប្រទះនូវអាការៈហូរឈាមតាមទ្វារមាសខុសពីធម្មតា។ សភាពខុសពីធម្មតា នៃការហូរឈាមតាមទ្វារមាស ដែលកើតមានឡើងមិនឈប់អាចជាសញ្ញាបញ្ជាក់ នៃជំងឺមហារីកកស្បូន។ ប៉ុន្ដែវាក៏អាចបណ្ដាលមកពីបញ្ហាវេជ្ជសាស្រ្ដមួយចំនួនដូចជា អតុល្យភាពអ័កម៉ូន ជំងឺរលាកត្រគាក ឬជំងឺឆ្លងនៅក្នុងសរីរាង្គត្រគាកជាដើម។ ដោយសារជំងឺមហារីករីករាលដាលទៅកាន់ចំណុចក្បែរជាលិកា ទើបវាអាចបង្កើតសរសៃឈាមតូចៗថ្មីខុសពីធម្មតា ដែលធ្វើឱ្យដាច់រយះជាលិកាយ៉ាងងាយស្រួល និងបណ្ដាលឱ្យហូរឈាម។ ការហូរឈាមបែបនេះអាចកើតឡើងត្រង់ចន្លោះពេល នៃការមករដូវ ក្រោយការរួមភេទ ក្រោយអស់រដូវ ឬសូម្បីតែក្រោយការធ្វើតេស្ដពិសោធន៍វេជ្ជសាស្រ្ដត្រង់ត្រគាក។ សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកជួបប្រទះនូវអាការៈហូរឈាមនៅចន្លោះវដ្ដនៃការមករដូវ ឬក្រោយការួមភេទ។
២. ធ្លាក់សតាមទ្វារមាសខុសពីធម្មតា៖ ការធ្លាក់សតាមទ្វារមាសតិច មិនមានក្លិន និងមានលក្ខណៈថ្លាគឺជារឿងធម្មតានោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រសិនបើការធ្លាក់សតាមទ្វារមាសមានការកើនឡើង មានក្លិនឆ្អាប ឬមានពណ៌ខុសពីធម្មតា វាអាចជាសញ្ញានៃការឆ្លងរោគ ឬជំងឺមហារីកកស្បូន ឬជំងឺមហារីកស្រទាប់ខាងក្នុងនៃស្បូន។ នៅពេលរងវិបត្ដិដោយសារជំងឺមហារីក ការធ្លាក់សតាមទ្វារមាសអាចមកច្រើន មានពណ៌ស្រាល ទឹកពណ៌ត្នោត ឬធ្លាក់ព្រមជាមួយឈាម។ ប្រសិនបើអ្នកជួបនឹងអាការៈដូច្នេះ សូមរាយការណ៍ទៅវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ ដើម្បីទទួលយកការព្យាបាលឱ្យទាន់ពេលវេលា។
៣. ឈឺចាប់អំឡុងពេលរួមភេទ៖ ការឈឺចាប់អំឡុងពេលរួមភេទ គឺជាសញ្ញាគ្រោះថ្នាក់ដ៏សំខាន់មួយទៀត នៃជំងឺមហារីកកស្បូន។ រោគសញ្ញាទាំងនេះអាចបញ្ជាក់ពីជំងឺមហារីកកស្បូនដំណាក់កាលធ្ងន់ធ្ងរ ដែលមានន័យថា ជំងឺមហារីកបានរីករាលដាលពាសពេញជាលិកា និងសរីរាង្គបន្ដពូជ។ ក្រៅពីការឈឺចាប់ អ្នកអាចមានអាការៈដទៃទៀត ដូចជា ការធ្លាក់សតាមទ្វារមាសមានក្លិនឆ្អាប និងខាប់។ ការឈឺចាប់នេះ ក៏អាចកើតមានឡើងដោយមូលហេតុដទៃទៀតដែរដូចជា ការរលាក ឬជំងឺកាមរោគជាដើម។ សូមកុំមើលរំលងនូវអាការៈនេះ។ ត្រូវទៅប្រឹក្សា និងពិនិត្យកស្បូនរបស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជំនាញ។
៤. ឈឺចាប់ត្រគាក៖ ការឈឺចាប់ត្រង់ត្រគាក តែងកើតមានចំពោះស្រ្ដី។ ការរមួលសាច់ដុំជុំវិញស្បូន និងការឈឺចាប់ គឺជាផ្នែកដ៏សាមញ្ញមួយ នៃវដ្ដរដូវ ហើយវាមិនមែនបញ្ជាក់ពីវត្ដមាននៃជំងឺមហារីក ឬជំងឺធ្ងន់ធ្ងរឯណានីមូយនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា ការឈឺចាប់ ដែលកើតមានក្នុងរយៈពេលយូរ ហើយកើតឡើងជាញឹកញាប់អាចជាសញ្ញានៃជំងឺមហារីកកស្បូន។ ប្រសិនបើរងវិបត្ដិពីជំងឺមហារីកកស្បូន អ្នកអាចមានអារម្មណ៍ឈឺចាប់ត្រគាកនៅពេលវេលាខុសពីធម្មតា ហើយការឈឺចាប់អាចចាប់ផ្ដើមកើតឡើងភ្លាមៗនៅពេលណាមួយក្នុងរយៈពេលមួយខែ។ លើសពីនេះទៀត ការឈឺចាប់បែបនេះវាមិនកើតឡើងនោះទេ ដរាបណាជំងឺមហារីកវាមិនស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ។ ប្រសិនបើអ្នក មានអារម្មណ៍ឈឺចាប់ត្រង់ត្រគាក ឬមានសម្ពាធត្រង់ត្រគាក សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីរកឱ្យឃើញមូលហេតុពិតប្រាកដ និងច្រានចោលជំងឺមហារីក ដែលអាចកើតមាន៕
អត្ថបទ៖ ដេវីដ

No comments:
Post a Comment