សារធាតុគ្រីស្តាល់សៗដែលត្រូវបានគេដឹងថាជាសំណល់ដែលផ្ទុះចេញពីកំពង់ផែក្រុងTianjin ភាគឦសានប្រទេសចិននោះ គ្រាន់តែប៉ះទឹកនឹងឆេះបង្កជាអណ្ដាតភ្លើងភ្លាម។
អស់រយៈពេល២ថ្ងៃមកហើយ បន្ទាប់ពីមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅកំពង់ផែក្រុងTianjin ដែលមិនទាន់មានប្រភពណាចេញមកបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ពីមូលហេតុនៃការឆេះនេះ។ ខណៈដែលពេលនេះនៅជុំវិញក្រុងទាំងអស់គឺពោរពេញដោយម្សៅសៗ ដែលត្រូវបានគេដឹងថាជាសារធាតុគ្រីស្តាល់ សាយភាយក្រោយពីការមានផ្ទុះនោះ។ ដោយម្សៅនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ដោយគ្រាន់តែគេចាក់ទឹកទៅលើវាបន្តិចអាចបង្កជាអណ្ដាតភ្លើងឆេះបាន។
កាសែតចិនបានចុះផ្សាយថាអ្នកពន្លត់អគ្គីភ័យបានព្រមានថាអាចនឹងមានការឆេះទីក្រុងTianjin ទាំងមូល ប្រសិនបើមិនមានដោះស្រាយឱ្យសមស្របមួយទេនោះ ពីព្រោះសារធាតុគ្រីស្តាល់នេះមានពាសពេញទីក្រុងទាំងអស់ ហើយបើមានភ្លៀងធ្លាក់មកទៀត នោះលទ្ធផលពិតជាពិបាកស្មានដល់។ យ៉ាងណាមិញ រដ្ឋាភិបាលនៅទីក្រុងកំពង់ផែមួយនេះ បានបញ្ជាក់ដែរថាវាមិនអាចបង្កជាការឆេះម្ដងទៀតបានទេ ហើយក្រុមការងារទាំងអស់ក៏បានគ្រប់គ្រងស្ថានការណ៍អស់ហើយដែរ។
មកដល់ថ្ងៃនេះចំនួនអ្នកស្លាប់ដោយសារតែការផ្ទុះនោះបានឡើងដល់ជាង៨៥នាក់ទៅហើយ និងមានអ្នករងរបួស ៧២១ នាក់ទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រដ្ឋាភិបាលប្រទេសចិនមិនទាន់ចេញរបាយការណ៍ពីចំនួនទឹកប្រាក់នៃការខូចខាតនៅឡើយទេ៕

No comments:
Post a Comment